ខេត្តកោះកុង ៖ មេៗការិយាល័យបរិស្ថាននិងភូមិបាល ស្រុកបុទុមសាគរ ខេត្តកោះកុង ភ័យញ័រមាត់ ញ័រក ក្រោយគណៈបញ្ជាការឯកភាពស្រុក រកឃើញបទល្មើសទ្រង់ទ្រាយធំក្នុងដែនគ្រប់គ្រងរបស់ខ្លួន។
ចំណុចអូររអិល អូរសន្ទូច ក្នុងឃុំថ្មស និងចំណុចកំពុងភ្លូរ ក្នុងឃុំអណ្តូងទឹក ស្រុកបុទុមសាគរ បានបាត់បង់ដែនជម្រកសត្វព្រៃ ក្រោមដៃមេខ្លោង ចេញមុខកាងដីឲ្យមេទាហានជាឧត្តមសេនីយ៍នៅពីក្រោយខ្នង ដោយប្រើប្រាស់រូបភាពខ្ចីដៃប្រជាពលរដ្ឋជាអ្នកចំណូលថ្មី និងម្ចាស់ស្រុក ឲ្យមកសង់ខ្ទម កាប់ព្រៃធ្វើក្រោលចិញ្ចិមក្របី ចាប់សត្វព្រៃលក់ចិញ្ចិមជីវិត ដើម្បីរងចាំលេសមួយថា រាជរដ្ឋាភិបាលនឹងកាត់ឆ្វៀលដីជូនពួកគាត់ លក់បាលុយកាក់ ចាកចេញដំនើរទៅតំបន់ថ្មីផ្សេងទៀតតាមទំលាបដើម។
បើនិយាយពីចំណុចអូររអិល ដែលស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ វិញ ដីព្រៃប្រមាណជាង១០០ហិកតា ក្នុងតំបន់ឧទ្យានជាតិ ត្រូវប្រជាពលរដ្ឋនិយាយថា លោក គុយ រឿន ហៅទី ច្រម៉ូម ជាបុគ្គលកម្រោលចូល ទាំងងងើល មិនដែលគោរពច្បាប់ស្តីពីផលប៉ះពាល់នៃបរិស្ថាន ហើយបច្ចុប្បន្នកំពុងកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ឧទ្យានជាតិ ស្រុកបូទុមសាគរ អស់រាប់សិបហិកតា និងសាងសង់រោងយ៉ាងធំធ្វើពីឈើ ដែលបុគ្គលនេះបានកាប់យកមកប្រើប្រាស់ក្នុងតំបន់នោះ ត្រៀមធ្វើពិធីសម្ពោធ ជប់លៀងកាប់គោមួយក្បាលដើម្បីឆ្លងភាពជោគជ័យ ថាខ្លួនបានកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនបានយ៉ាងរលូន។
ស្ថិតក្នុងដំណាក់កាលនោះលោកប្រធានការិយាល័យ ឧទ្យានជាតិ ស្រុកបូទុមសាគរ លោក អ៊ឹង វុន្នី (ហៅតា វ៉ាត) ពុំមានចាត់វិធានការចំពោះឈ្មោះ គុយ រឿន ហៅទី ច្រម៉ូម ដែលជាមេខ្លោងខាងកាប់ដីព្រៃ ឧទ្យានជាតិ ក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនឡើយ ដោយទុកបណ្តោយឲ្យឈ្មោះ គុយ រឿន ហៅទី ច្រម៉ូម នេះកាប់បំផ្លាញដីព្រៃរបស់រដ្ឋរាប់សិបហិកតាជាយូរឆ្នាំមកហើយយ៉ាងរំភើយ។
ការដែលគេពុំឃើញមានចំណាត់ការចំពោះបុក្គលនេះនាពេលកន្លងមក ត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថា ដេកបន្លាយពេល រងចាំលាភសក្ការៈដ៍ធំមួយនេះ។សកម្មភាពបែបនេះបានធ្វើគម្រូដ៏សែនអាក្រក់បំផុត ហើយក៏ជាអំពើមួយដែលផ្តល់ភាពងាយស្រួលដល់ពលរដ្ឋមួយចំនួនយកតម្រាប់តាម ធ្វើសកម្មភាពរុករានយកដីព្រៃក្នុងតំបន់ឧទ្យានជាតិសាងសង់ផ្ទះជាលក្ខណៈខ្ទម ក្នុងគោលបំណងបង្ករបង្កើតជាភូមិដោយខុសច្បាប់ ដោយពួកគាត់ហ៊ានអះអាងថា រាជរដ្ឋាភិបាលនឹងកាត់ឆ្វៀលដីទាំងនោះឲ្យពួកគាត់ដោយស្របច្បាប់។នេះគឺជាសកម្មភាពបង្កឡើង តាមការញុះញង់ពីមន្ត្រីបរិស្ថានមួយក្រុមតូច ជិះម៉ូតូដោយពាក់ម៉ាស់បិទមុខ ដើរប្រាប់តាមខ្ទមអាណាធិបតេយ្យរបស់ពលរដ្ឋទាំងនោះ នេះបើតាមសម្តីរបស់លោកស្រី រឿង ស៊ីថា ជាភរិយាមន្ត្រីក្រុមប្រឹក្សាឃុំថ្មស បានប្រាប់ឲ្យដឹងក្នុងពេលគណៈបញ្ជាការឯកភាពស្រុកបុទុមសាគរ ចុះធ្វើការរុះរើសំណង់អាណាធិប្បតេយ្យរបស់លោកស្រី នៅជាប់គ្នាជាមួយនិងដីខុសច្បាប់របស់ គុយ រឿន ហៅទី ច្រម៉ូម នេះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ។
តាមប្រភពប្រជាពលរដ្ឋបាននិយាយថា ឈ្មោះ គុយ រឿន កាប់ដីព្រៃនេះ ចែកចាយគ្នាជាមួយ មន្ត្រីក្នុងស្រុកមួយចំនួន ហើយក៏មាន អធិការ រងស្រុកបុទុមសាគរម្នាក់គឺ លោក សៀង រិន ហើយនិងបក្សពួកមួយចំនួនទៀត។គួររំលឹកថា កាលថ្ងៃទី២៣ ខែតុលា ២០២០ មន្ត្រីបរិស្ថានបានចាប់ប្រជាពលរដ្ឋពីរនាក់ ដែលមកស៊ីឈ្នួលកាប់ព្រៃឲ្យគេ ត្រឹមតែទំហំដី ២០ម៉ែត្រប៉ុណ្ណោះ ក៏ចាប់ពួកគាត់យកទៅផ្តន្ទាទោសជាប់ពន្ធនាគារ។ ចំណែកឈ្មោះ គុយ រឿន ដែលជាមេខ្លោងប្រព្រឹត្តបទល្មើសកាប់ដីព្រៃអស់៣០ហិកតាថ្មីៗ ក្នុងដែនគ្រប់គ្រងរបស់បរិស្ថាន ដោយខុសច្បាប់ ប៉ុន្តែផ្ទុយទៅវិញ ពុំមានជំនាញខាងបរិស្ថានឬអង្គការសម្ធ័នមិត្តសត្វព្រៃហ៊ាន ចេញមុខចាត់វិធានការច្បាប់ឡើយ។សូម្បីតែនៅចំណុច កំពង់ភ្លូរ ក៏មិនខុសគ្នាដែរ ពោលគឺអនុវត្តការងារកន្លងមក ធ្វើឲ្យតែល្អមើលប៉ុណ្ណោះ ដើម្បីបំភាន់ភ្នែកមហាជន ហើយបញ្ជូនបាយការណ៍រាយការទៅក្រសួងជាការស្រេច ដោយឡែកបទល្មើសនៅតែកើតមានដដែល មុខជនល្មើសដដែលៗ៕