ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
មេឈ្មួញឈើ សឹង សំអុល មានងារជាឧកញ៉ា ត្រូវបាន ព្រះរាជអាជ្ញា បន្តសាកសួរ ដើម្បីចោទប្រកាន់ បទល្មើសព្រៃ នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ឧកញ៉ា ស៊ឹង សំអុល ជាប្រធានក្រុមហ៊ុន មេការក្រុមហ៊ុន២នាក់ និងអ្នកបើករថយន្តម្នាក់ ត្រូវចាប់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយដកហូតបានរថយន្តដឹកឈើជាង៤០គ្រឿង។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះថា សំណុំរឿងឧកញ៉ា សឹង សំអុល កំពុងស្ថិតក្នុងចំណាត់ការរបស់ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ដោយបន្តសាកសួរបន្ថែមជុំវិញករណីបទល្មើសព្រៃឈើ ដែលកម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួន រួមនឹងមនុស្ស៣នាក់ កាលពីម្សិលមិញ។
លោកឧត្តមនីយ៍ត្រី អេង ហ៊ី បានអះអាងថា មន្ត្រីកងរាជអាវុធហត្ថបន្តរុករករថយន្តដឹកឈើនៅក្នុងព្រៃបន្ថែមទៀត ហើយនៅពេលរកឃើញ នឹងដាក់ម្សៅ TNT បំផ្ទុះរថយន្តទាំងនោះចោលនៅនឹងកន្លែងទាំងអស់តែម្តង។
លោកឧត្តមសេនីយ៍ត្រី បានអំពាវនាវឲ្យក្រុមហ៊ុនដែលកំពុងរកស៊ីឈើខុសច្បាប់ ក្នុងឧក្រិដ្ឋកម្មព្រៃឈើទាំងអស់ មេត្តាបញ្ឈប់ជាបន្ទាន់ ព្រោះប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មមួយនេះនឹងបន្តធ្វើទូទាំងប្រទេស។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មព្រៃឈើ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានឯកឧត្ត នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានសម្រេចដាក់ចេញនូវវិធានការតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែម្តង៕
មេឧក្រិដ្ឋកម្មព្រៃឈើ ឧកញ៉ា សឹង្ហ សំអុល ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ត្រូវបានសាធារណជនអបអរសាទរ យ៉ាងខ្លាំង ហើយទាមទារឲ្យសមត្ថកិច្ចកុំប្រណីឲ្យសោះ ចំពោះជនល្មើសម្នាក់នេះ ។
ប៉ុន្តែគួរឲ្យព្រួយបារម្ភបំផុតក្នុងពេលដែលគេកំពុងតែទទួលបានព័ត៌មានក្តៅៗ ថា មានក្រុមអ្នកមានអំណាចកំពុងតែរត់ការដោះលែងមេឧក្រិដ្ឋកម្មព្រៃឈើរូបនេះ ដោយមិនទុកឲ្យជនល្មើសត្រូវផ្តន្ទាទោសតាមអ្វីដែលគេបានប្រព្រឹត្តិនោះឡើយ ។
យ៉ាងណាក៏ដោយ សាធារណជនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីចាប់ខ្លួនឧកញ៉ា សឹង្ហ សំអុល ដែលគេស្គាល់ទូទាំងប្រទេសថាជាឧកញ៉ារកស៊ីឈើខុសច្បាប់ជាយូរមកហើយ មានខ្នងបង្អែករឹងមាំគ្មានអ្នកណាហ៊ានប៉ះពាល់បាន ។ ហេតុតែនិយាយដូច្នេះ ព្រោះ គេដឹងគ្រប់គ្នាថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មាយករដ្ឋមន្ត្រី ធ្លាប់បានព្រមានញឹកញ៉ាប់ រហូតបញ្ចូលឈ្មោះឧកញ៉ា សឹង្ហ សំអុល ក្នុងបញ្ជីខ្មៅដែលត្រូវចាប់ខ្លួន។ ប៉ុន្តែឧកញ៉ា សឹង្ហ សំអុល ហាក់គ្មានញញើតអ្វីទាំងអស់ ហើយបន្តធ្វើជំនួញឈើខុសច្បាប់រហូតមកដល់ថ្ងៃឃាត់ខ្លួនបណ្តោះអាសន្ន ។
ដូច្នេះគេគួរគិតមើលទៅថា ឧកញ៉ា សឹង្ហ សំអុល មានអំណាច មានខ្នងបង្អែកធំប៉ិនណា ទើបហ៊ានប្រឆាំងបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា? ។
គេរងចាំមើលថា តើវាសនាឧកញ៉ាមហាបំផ្លាញឈើនៅកម្ពុជានេះនឹងទៅជាយ៉ាងណា ក្នុងពេលដែលក្រុមអ្នកមានអំណាចកំពុងរត់ការដោះលែងដូច្នេះ ព្រោះថាពីមុនឧកញ៉ាម្នាក់នេះបានរត់ភៀសខ្លួនទៅស្រុកយួនតែមួយដង្ហើមចង្រិតប៉ុណ្ណោះ ក្រោយការព្រមានរបស់សម្តេច ហ៊ុន សែន ហើយក៏ត្រឡប់មកវិញធ្វើជំនួញឈើខុសច្បាប់ធម្មតាឡើងវិញ ។ តើលើកនេះសមត្ថ កិច្ចឃុំខ្លួនបណ្តោះអាសន្នឧកញ៉ាម្នាក់នេះបានប៉ុន្មានម៉ោងដែរ? ៕